ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

តំណាងរាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលប្រជុំ​សភាវិសាមញ្ញ បញ្ចប់​តួនាទី​លោក កឹម សុខា និង​សម្តេច ស ខេង​



ភ្នំពេញ: ក្រុមតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​ជា​ផ្លូវការ​ហើយ នៅ​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៧ នេះ គឺ​មិន​ចូលរួម​ប្រជុំ​សភា​ជាមួយ ក្រុមតំណាងរាស្ត្រ គណបក្ស​ប្រជាជន​កម្ពុជា នោះទេ​។

ការសម្រេច​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ ក្រុមតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

​លោក​កឹម សុខា បាន​ថ្លែង​នៅក្នុង​អង្គប្រជុំ​ថា “​ក្រុម​សមាជិកសភា គណបក្ស​សង្គ្រោះ​ជាតិ​” ជា​យន្ដការ​ផ្ទៃក្នុង របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ចែង ក្នុង​បទបញ្ជាផ្ទៃក្នុង គណបក្ស​សង្គ្រោះ​ជាតិ​។ ការពង្រឹង​ស្ថាប័ន ការធ្វើការ​ជា​ប្រព័ន្ធ គឺជា​ការពង្រឹង លទ្ធិប្រជាធិបតេយ្យ​។ ផ្ទុយទៅវិញ ការធ្វើ​ឲ្យ​ស្ថាប័ន​ទន់ខ្សោយ ការមិន​ធ្វើការ​ជា​ប្រព័ន្ធ គឺជា​ការពង្រឹង​អំណាច​បុគ្គល ឬ អំណាច​ផ្ដាច់ការ ដែល​ផ្ទុយ​ពី​គោលការណ៍ លទ្ធិប្រជាធិបតេយ្យ​។​

​ជាមួយគ្នា​នោះ លោក​កឹម សុខា ក៏បាន​សូម​ឲ្យ​សមាជិកសភា គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់ ពង្រឹង​នូវ​យន្ដការ​ដែលមាន និង​ធ្វើការ​ជា​ប្រព័ន្ធ ដើម្បី​បំពេញបេសកកម្ម បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ ឲ្យ​ស្របតាម​គោលការណ៍ លទ្ធិប្រជាធិបតេយ្យ​។​

​ចំណែក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រួមទាំង​តំណាងរាស្ត្រ​របស់ គណបក្ស​ប្រជាជន​កម្ពុជា នឹង​អញ្ជើញ​ចូលរួម ប្រជុំ​សភាវិសាមញ្ញ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧ ដើម្បី​ពិនិត្យ និង​អនុម័ត​សេចក្តីស្នើ វិសោធនកម្ម ជំពូក​១២​ថ្មី ប្រការ​៤៨​ថ្មី (​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​។​

​ការប្រជុំ​វិសាមញ្ញ​សភា នៅ​ថ្ងៃទី​៣១ ខែមករា នេះ គឺ​ដើម្បី​បញ្ចប់​តួនាទី​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ពី​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា និង​សម្តេច​ក្រឡាហោម ស ខេង​ពី​ប្រធាន​ក្រុម​មតិ​ភាគច្រើន​នៅក្នុង​រដ្ឋសភា​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​ប្រជុំ គណៈកម្មាធិការ​អចិ​ន្ត្រៃ​យ៏​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៧ ដើម្បី​ពិនិត្យ​លើ​សំណើសុំ កោះប្រជុំ​វិសាមញ្ញ ដើម្បី​ពិនិត្យ និង​អនុម័ត​សេចក្តី ស្នើ​វិសោធនកម្ម ជំពូក​១២​ថ្មី ប្រការ​៤៨​ថ្មី (​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ពិនិត្យ​លើ​សំណើ សុំ​បញ្ចូល​ក្នុង​របៀបវារៈ នៃ​សម័យប្រជុំ​រដ្ឋសភា​វិសាមញ្ញ នូវ​សេចក្តីស្នើ​វិសោធនកម្ម ជំពូក​១២​ថ្មី ប្រការ​៤៨​ថ្មី (​បី​) នៃ​បទបញ្ជា ផ្ទៃក្នុង​រដ្ឋ សភា តាម​សំណើ​របស់ គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា​។​

​ជា​លទ្ធផល​គណៈកម្មកា​រ​ធិ​ការ​អចិន្ត្រៃយ៍ បានសម្រេច​ដាក់សំណើ របស់​តំណាងរាស្ត្រ គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៥២​រូប តាម​ការស្នើ​របស់ គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ ចូល​សភាពេញអង្គ ជា​វិសាមញ្ញ នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧៕

CEN
ដោយ: មុនីរាជ

No comments: