ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

ហ្វីលីពីន ចោទ​អាមេរិក ថា​កំពុងតែ​រុញច្រាន​ស្ថិរភាព​ក្នុង​តំបន់​ឲ្យ​កាន់តែ​គ្រោះថ្នាក់​



ក្រោយ​ស្ងប់ស្ងាត់​អស់​មួយរយៈ​ពេល​ហើយ​នោះ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ចេញមុខ​រិះគន់​សម្ព័ន្ធមិត្ត​ប្រពៃណី​អាមេរិក​ជាថ្មី​។ លោក​ប្រធានាធិបតី បាន​ចោទ​អាមេរិក ថា កំពុងតែ​ធ្វើ​ឲ្យ​ស្ថិរភាព​តំបន់​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​តាមរយៈ​ការបញ្ជូន​សព្វាវុធ និង​ចេតនា​ក្នុង​ដំឡើង​សព្វាវុធ​ទាំងនោះ​ក្នុង​ទឹកដី​ហ្វីលីពីន​ជា​អចិន្ត្រៃយ៍​។ តែ​ក៏ប៉ុន្តែ​លោក​ប្រធានាធិបតី ក៏បាន​ព្រមាន​បញ្ចប់​កិ​ចុ្ច​ព្រមព្រៀង​យោធា​ទ្វេភាគី​ផងដែរ ប្រសិន រកឃើញថា សកម្មភាព​ទាំងនោះ បាន​បំពាន និង​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​តំបន់​ខ្លាំង​នោះ​។

លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នៅ​ថ្ងៃទី​២៩ មករា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ក្រុង​វ៉ាស៊ីនតោន កំពុងតែ​ដឹក​សព្វាវុធ​ចូលទៅក្នុង​ខេត្ត​ចំនួន​បី​របស់​ហ្វីលីពីន​ដើម្បី​រក្សាទុក​នៅ​ទីនោះ​ជា​អចិន្ត្រៃយ៍​តែម្តង​។ លោក បាន​ប្រតិកម្ម​ទៅនឹង​សកម្មភាព​របស់​អាមេរិក​យ៉ាង​ដូច្នេះ​ថា​៖« ពួកគេ​(​អាមេរិក​) កំពុងតែ​បញ្ចេញ​អាវុធ​នៅក្នុង​ទឹកដី​ហ្វីលីពីន ... ខ្ញុំ កំពុងតែ​កត់ចំណាំ ។ កុំ​ធ្វើបែបនេះ ខ្ញុំ មិន​អនុញ្ញាត​ឲ្យ​ធ្វើបែបនេះ​ឡើយ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Reuters ។

​លោក​ប្រធានាធិបតី បន្ថែមទៀតថា បទបញ្ញត្តិ​នៃ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំងពីរ មិនបាន​បញ្ជាក់ និង​អនុញ្ញាត​ឲ្យ​មាន​សំណង់​ជា​អចិន្ត្រៃយ៍​ក្នុង​ទឹកដី​ហ្វីលីពីន​ឡើយ​។ តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក ឌើ​ទើ​តេ ដែលមាន​ឈ្មោះ​ក្រៅ​ថា អ្នក​ដាក់ទណ្ឌកម្ម ក៏​កំពុងតែ​តាមដាន និង​ចោទ​ជា​សំណួរ​ដែលថា សកម្មភាព​យោធា​របស់​អាមេរិក​រាប់​បញ្ចូល​ទាំង​ការដំឡើង មី​ស៊ី​ល​ឬ​យ៉ាងណា​។

​ប្រតិកម្ម និង​អត្ថាធិប្បាយ​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ ធ្វើឡើង​បន្ទាប់ពី​មន្ទីរ​បញ្ច​កោណ​សហរដ្ឋអាមេរិក បាន​បើកភ្លើង​ខៀវ​សម្រាប់​កងទ័ព​ខ្លួន​ក្នុង​ការកសាង​ឃ្លាំង​ផ្ទុក​សព្វាវុធ បន្ទាយ​ទាហាន ផ្លូវ​យន្តហោះ​យោធា​ចុះ​នៅ​ឆ្នាំ​២០១៧​នេះ ក្រោម​កិច្ចព្រមព្រៀង​យោធា​រវាង​អាមេរិក និង​ហ្វីលីពីន​នោះ​។ តែ​យ៉ាងណាក៏ដោយ លោក​ប្រធានាធិបតី ឌើ​ទើ​តេ នាឱកាស​សន្និសីទ​សារព័ត៌មាន​ដដែល​នោះ ក៏បាន​បញ្ជាក់​ផងដែរ​ថា ប្រសិន អាមេរិក បំពាក់​កាំភ្លើង​ធំ​នៅ​ហ្វីលីពីន​មែន​នោះ លោក នឹង​ពិចារណា​កែប្រែ​សន្ធិសញ្ញា​ទ្វេភាគី ឬ​មោឃភាព​កិច្ចព្រមព្រៀង​យោធា​នោះ​តែម្តង​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ឆ្នាំ​២០១៤ ហ្វីលីពីន និង​អាមេរិក បាន​ចុះ​កិច្ចព្រមព្រៀង​កំពូល​ទ្វេភាគី​ការពារជាតិ​មួយ ដែលមាន​ឈ្មោះថា «​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ពង្រឹង​វិស័យ​ការពារ (EDCA)» ដែល​កិច្ចព្រមព្រៀង​នេះ ក៏បាន​ចូល​ជាធរ​មាននៅ​ដើមឆ្នាំ​២០១៦ បន្ទាប់ពី​តុលាការ​កំពូល​ហ្វីលីពីន​ប្រកាស​ពី​ធម្មនុញ្ញភាព​នោះ​។​

​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ពង្រឹង​វិស័យ​ការពារ ផ្តល់​លទ្ធភាព​ឲ្យ​កងទ័ព​អាមេរិក​អាច​បំពាក់​សព្វាវុធ និង​បញ្ជូន​កងទ័ព​របស់ខ្លួន​មកកាន់​ទឹកដី​ហ្វីលីពីន​បាន​ដោយ​ស្របច្បាប់​។ បន្ថែម​ពីនេះ កិច្ចព្រមព្រៀង​នេះ ផ្តល់​អត្ថប្រយោជន៍​សម្រាប់​កងទ័ព​ហ្វីលីពីន ក្នុងការ​ទទួលបាន ការហ្វឹកហ្វឺន​បន្ថែម​ពី​អាមេរិក ការការពារ​សន្តិសុខ​ដែនសមុទ្រ និង​ប្រតិបត្តិការ​មនុស្សធម៌ និង​មហន្តរាយ​ផ្សេងៗ​ទៀតផង​។​

​អ្វី​គួរកត់សម្គាល់​នោះ តាមរយៈ EDCA នេះដែរ ហ្វីលីពីន ក្រោម​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ បាន​ព្រមព្រៀង​ផ្តល់​ទីតាំង​ប្រាំ​កន្លែង​សម្រាប់​ការដាក់​មូលដ្ឋាន​យោធា​ទ័ពអាកាស​របស់​អាមេរិក​នៅក្នុង​ទឹកដី​របស់ខ្លួន ដែល​ការអនុញ្ញាត​នេះ គឺជា​បើកផ្លូវ​ឲ្យ​ទ័ព​អាមេរិក អាចឈរជើង ដំឡើង​សព្វាវុធ និង​មាន​មូលដ្ឋាន​សម្រាប់​យោធា​នៅក្នុង​ហ្វីលីពីន ជាពិសេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដោយ​ស្របច្បាប់​។​

​តាមពិតទៅ អាមេរិក ធ្លាប់​បានដាក់​មូលដ្ឋាន​យោធា​របស់ខ្លួន​នៅក្នុង​ប្រទេស​ហ្វីលីពីន​តាំងពី​មហាអំណាច​ពិភពលោក​មួយ​នេះ​ទទួល​សិទ្ធិ​ដាក់​អាណានិគម​លើ​ហ្វីលីពីន​បន្ត​ពី​អេ​ស្ប៉ា​ញ​តាំងពី​១៨៩៨​មកម្ល៉េះ​។ តែ​នៅ​ឆ្នាំ​១៩៩២ ទ័ព​អាមេរិក និង​សិទ្ធិ​កាន់កាប់​មូលដ្ឋាន​នោះ ត្រូវបាន​ដកហូត​ដោយ​រដ្ឋាភិបាល​ហ្វីលីពីន​វិញ​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments: