ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

រដ្ឋាភិបាល​ឆែក គាំទ្រ​ចំណាត់​ការប្រឆាំង​ជន​អន្ត​ប្រវេសន៍​និង​ជនភៀសខ្លួន​របស់ ដូ​ណា​ល់ ត្រាំ​



ខណៈដែល​បណ្តា​មេដឹកនាំ​លើ​ពិភពលោក​នាំគ្នា​រិះគន់​និង​ថ្កោលទោស​គោលនយោបាយ​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​រឹតបន្តឹង​ការទទួល​ជនអន្តោប្រវេសន៍ និង​ផ្អាក​ទទួលយក​ជនភៀសខ្លួន ឆែកបាន​ចេញមុខ​គាំទ្រ​។ ប្រធានាធិបតី​ឆែ​ក Milos Zeman ជឿជាក់ថា ចំណាត់ការ​លោក ត្រាំ ពិតជា​ជួយ​ការពារ​សុវត្ថិភាព​ប្រជាជន​អាមេរិក​មែន ហើយ​លោក​រិះគន់​អឺរ៉ុប​ដែល​មិន​ហ៊ាន​ធ្វើតាម​អាមេរិក​។

តំណាង​ឲ្យ​ប្រធានាធិបតី​ឆែកលោក Milos Zeman អ្នកនាំពាក្យ​ប្រធានាធិបតី​លោក Jiri Ovcacek បាន​ស្វាគមន៍​និង​គាំទ្រ​ចំណាត់ការ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែលមាន​គោលដៅ​រឹតបន្តឹង​ការទទួលយក​ជនអន្តោប្រវេសន៍​និង​ផ្អាក​ទទួលយក​ជនភៀសខ្លួន​បណ្តោះអាសន្ន​។

​លោក Jiri Ovcacek បាន​សរសេរ​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter របស់ខ្លួន​ថា ៖​​« ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ការពារ​ប្រទេស​លោក​។ លោក​បារម្ភ​ពី​សុវត្ថិភាព​ប្រជាជន​អាមេរិក ហើយ​វា​ជា​អ្វីដែល​ក្រុម​អភិជន​អឺរ៉ុប​មិន​ហ៊ាន​ធ្វើ​»​។

លោក​បន្តថា​៖ «​សុវត្ថិភាព​ប្រជាជន​ឆែក​ជា​រឿង​អាទិភាព​សម្រាប់​យើង​។ ហើយ​ឥឡូវ​យើង​មាន​សម្ព័ន្ធមិត្ត​មួយ​នៅ​អាមេរិក​»​។​ ​

​ដូច​បញ្ជាក់​ក្នុង​សំណេរ​ខាងលើ​ស្រាប់​ហើយ អ្នកនាំពាក្យ​ប្រធានាធិបតី ឆែ​ក រូបនេះ​ក៏បាន​ឆ្លៀត​រិះគន់​សហភាព​អឺរ៉ុប​ដែល​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​វិបត្តិ​ជនភៀសខ្លួន និង​បញ្ហា​ជនអន្តោប្រវេសន៍​ដែល​កំពុង​កើតមានឡើង​នៅ​អឺរ៉ុប​បច្ចុប្បន្ន​។​

​ការលើកសរសើរ​ចំណាត់ការ​របស់ ដូ​ណា​ល់ ត្រាំ របស់​រដ្ឋាភិបាល​ឆែ​ក​នេះ វា​ផ្ទុយស្រឡះ​ពី​គោលជំហរ​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​ជាពិសេស​សមាជិក​សហភាព​អឺរ៉ុប​។ ប្រទេស​នៅ​អឺរ៉ុប​ដូចជា​បារាំង​និង​អាល្លឺម៉ង់​រិះគន់​បទបញ្ជា​របស់លោក ដូ​ណា​ល់ ត្រាំ នេះ ដោយ​ប្រកាសថា ការទទួលយក​ជនភៀសខ្លួន​ជា​ផ្នែក​មួយ​នៃ​កាតព្វកិច្ច​របស់​ប្រទេស​មហាអំណាច​។​

​យ៉ាងណាក៏ដោយ វា​ជា​គោលជំហរ​ផ្ទាល់ខ្លួន​របស់​ប្រធានាធិបតី Zema ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកនយោបាយ​គាំទ្រ​រុស្ស៊ី និង​ជា​អតីតជន​កុម្មុយនីស្ត​ផង​។ កន្លងមក​អ្នកនយោបាយ​វ័យ​ចំណាស់ អាយុ​៧២​ឆ្នាំ​រូបនេះ​បាន​រិះគន់​ជនភៀសខ្លួន​និង​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​ម៉ូ​ស្លី​ម ហើយ​លោក​ក៏​ធ្លាប់​ហៅ​ចរន្ត​ហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍​មក​អឺរ៉ុប​ថា​ជា «​ការឈ្លានពាន​ដែលមាន​ការរៀន​ចំ​» និង​អះអាងថា ប្រជាជន​ម៉ូ​ស្លី​ម​មិនអាច​សមាហរណកម្ម​រួមរស់​ជាមួយ​គេ​បានឡើយ​។​

​មកទល់​ពេល​បច្ចុប្បន្ននេះ បញ្ហា​ជនភៀសខ្លួន​និង​ជនអន្តោប្រវេសន៍​ជា​ប្រធានបទ​ក្តៅ​ក្នុង​បរិបទ​នយោបាយ​ឆែ​ក ថ្វីបើ​ប្រជាជន​ជា​ជនភៀសខ្លួន​និង​ជនអន្តោប្រវេសន៍​ទាំងនោះ​មិន​ឆ្លងដែន​សម្រុកចូល​ប្រទេស​នេះ​ក៏ដោយ​។ អ្នកនយោបាយ​ឆែកបាន​កេងចំណេញ​ស្ថានការណ៍​ដោយ​ទាញយក​បញ្ហា​កើតឡើង​នៅ​អឺរ៉ុប​ដូចជា​ការវាយប្រហា​រ​ដោយ​ក្រុម​ភេរវជន​ដើម្បី​បញ្ឆេះ​កំហឹង​និង​ការ​ស្អប់ខ្ពើម​ជនភៀសខ្លួន​ជាដើម​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments: