ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

ដូ​ណា​ល់ ត្រាំ​ថា ៩០​ថ្ងៃក្រោយ អាមេរិក​នឹង​ចេញ​ទិដ្ឋាការ​ឲ្យ​ប្រទេស​ទាំងអស់​វិញ​



​ក្រោយ​មានការ​រិះគន់​និង​ប្រតិកម្ម​ខ្លាំង​ពី​បណ្តា​ប្រទេស​ជា​មិត្ត និង​ប្រជាជន​ទូទៅ​ពាក់ព័ន្ធ​វិធានការ​រឹតត្បិត​ការហូរចូល​នៃ​ជនអន្តោប្រវេសន៍ លោក ដូ​ណា​ល់ ត្រាំ បាន​បកស្រាយ​ថា ៩០​ថ្ងៃក្រោយ​អនុវត្ត​វិធានការ​របស់លោក អាជ្ញាធរ​អាមេរិក​នឹង​ចេញ​ទិដ្ឋាការ​ឲ្យ​ប្រជាជន​គ្រប់​ប្រទេស​ឡើងវិញ​។

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ចេញមុខ​បកស្រាយ​ថា សហរដ្ឋអាមេរិក​នឹង​ចេញ​ទិដ្ឋាការ​ឲ្យ​បណ្តា​ប្រទេស​ទាំងអស់​ឡើងវិញ ក្រោយ​ពេលដែល​បទបញ្ជា​របស់លោក​ត្រូវ​អនុវត្តបាន ៩០​ថ្ងៃនោះ​។ លោក​បន្ទោស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ ពាក់ព័ន្ធ​ការបង្ក​ឲ្យ​មានការ​យល់ច្រឡំ និង​ថ្កោលទោស​អ្វីដែល​លោក​ធ្វើ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ដូណាល់ ត្រាំ និយាយដូច្នេះថា ៖« និយាយ​ឲ្យ​ច្បាស់​ទៅ វា​មិនមែនជា​ការហាមឃាត់​ប្រជាជន​ម៉ូ​ស្លី​ម​ដូច​អ្វីដែល​សារព័ត៌មាន​ប្រឹង​ផ្សព្វផ្សាយ​នោះឡើយ​។ នេះ​វា​មិន​ទាក់ទង​រឿង​សាសនា​ឡើយ តែ​វា​ពាក់ព័ន្ធ​ភេរវកម្ម​និង​ការពារ​សុវត្ថិភាព​ប្រទេស​យើង​។ ហើយ​ប្រទេស​ច្រើនជាង ៤០​នៅលើ​ពិភពលោក​ដែលមាន​ប្រជាជន​ម៉ូ​ស្លី​ម​ភាគច្រើន​រស់នៅ តែ​មិន​រង​ផលប៉ះពាល់​ដោយសារ​បទបញ្ជា​នេះ​»​។​

​ប្រធានាធិបតី​រូបនេះ​បាន​បន្តថា​៖« យើង​នឹង​ចាប់ផ្តើម​ចេញ​ទិដ្ឋាការ​ឲ្យ​ប្រទេស​ទាំងអស់​ឡើងវិញ​នៅពេលដែល​យើង​សម្រេច​ត្រួតពិនិត្យ​ឡើងវិញ និង​អនុវត្ត​គោលនយោបាយ​ដែល​រក្សា​សុវត្ថិភាព​ប្រជាជន​យើង​បាន​ពេញលេញ​ក្នុង​រយៈពេល ៩០​ថ្ងៃ​ខាងមុខនេះ​»​។

​លោក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយចំនួន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដោយ​បទបញ្ជា​នោះ​មាន​គោលដៅ​ហាមឃាត់​ប្រជាជន​ជា​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​ឥស្លាម ៧ ដែល​ចង់​ចូលមក​អាមេរិក និង​បញ្ឈប់​កម្មវិធី​ទទួល​ជនភៀសខ្លួន​បណ្តោះអាសន្ន​សិន​។ ការដាក់ចេញ​បទបញ្ជា​នេះ​បានធ្វើ​ឲ្យ​មានការ​ខឹងសម្បារ និង​មានប្រតិកម្ម​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ និង អ្នកគាំទ្រ​សិទ្ធិមនុស្ស​ជាដើម ដោយ​គេ​អះអាងថា​វា​ជាការ​បំពារបំពាន​សិទ្ធិ​និង​រើសអើង​សាសនា​។ បញ្ហា​ប្រឈម​ក្នុងការ​អនុវត្ត​បទបញ្ជា​នេះ​គឺ មន្ត្រី​អនុវត្ត​ច្បាប់​មិនបាន​ទទួល​សេចក្តីណែនាំ​ច្បាស់លាស់​ពាក់ព័ន្ធ​ការហាម​ប្រជាជន​មកពី​ប្រទេស​៧​។ អ្នកខ្លះ​ទទួលបាន​ទិដ្ឋាការ​ត្រឹមត្រូវ និង​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ចូលមក​រស់នៅ​សហរដ្ឋអាមេរិក​មុន​ថ្ងៃ ត្រាំ ដាក់បទបញ្ជា ក៏​នៅតែ​រង​ផលប៉ះពាល់​ពីបទ​បញ្ជារ​ប​ស់លោក ដូ​ណា​ល់ ត្រាំ នេះ​៕

ថ្មី​ៗ
អត្ថបទ : សៅ ផលនិស្ស័យ

No comments: