ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

អតីត​អ្នក​ថតរូប​គុកទួល​ស្លែង ​បង្កើត​គណបក្ស​ដោយ​ខ្លួនឯង ​ចូលរួម​ការ​បោះឆ្នោតជាតិ​ឆ្នាំ​២០១៨



ភ្នំពេញ ៖ អតីត​អ្នក​ថតរូប​ទួល​ស្លែង ដែល​មហាជន​ធ្លាប់​បាន​ស្គាល់​តាមរយៈ​សារព័ត៌មាន​នានា​នោះ គឺ​លោក ញ៉ែម អេ​ន បានសម្រេច​ចេញមុខ​បង្កើត​គណបក្ស​ថ្មី​មួយ​ដោយ​ខ្លួនឯង ដើម្បី​ចូលរួម​ប្រកួ​ត​ប្រជែង​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ឆ្នាំ​២០១៨ ខាងមុខ ហើយ​ការ​សម្រេច​ចេញទៅ​បង្កើត​គណបក្ស​ដោយ​ខ្លួនឯង​នេះ ដោយសារ​គោលនយោបាយ​របស់​គណបក្ស​មួយ​ចំនួន ដែល​លោក​ធ្លាប់​ចូលរួម មិនត្រូវ​តាម​ទស្សន​របស់ខ្លួន និង​អាចជួយ​ប្រទេសជាតិ​បាន​។

លោក ញ៉ែម អេ​ន បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៧​ថា គណបក្ស​ដែល​លោក​បង្កើត​នេះ​មាន​ឈ្មោះថា “​គណបក្ស​គ្រួសារ​ខ្មែរ​” ដែល​មាន​បាវចនា “​ឆន្ទៈ មនសិការ និង​ឧ​ត្ត​ម​គតិ​” ហើយ​ការ​សម្រេច​ចេញទៅ​បង្កើត​គណបក្ស​ដោយ​ខ្លួនឯង​នេះ ដោយសារតែ​លោក​ធ្លាប់​បាន​ចូលរួម​ជាមួយ​គណបក្ស​មួយ​ចំនួន​កន្លងមក គឺ​គណបក្ស​ទាំងនោះ​អត់​គិតពី​ផល​ប្រ​យោ​ជ​ន៍​ជាតិ គឺ​គិតតែ​ពី​ផល​ប្រ​យោ​ជ​ន៍​ខ្លួន បក្សពួក និង​គ្រួសារ​និយម ហើយ​បែរជា​យកទៅ​វាយប្រហារ​រាជរដ្ឋាភិបាល ពីព្រោះ​ចំណុច​ខ្លះ​រដ្ឋាភិបាល​ក៏បាន​ធ្វើ​ល្អ​ដែរ ហើយ​នៅពេល​មក​បង្កើត​គណបក្ស​ខ្លួនឯង លោក​នឹង​ជួយ​រដ្ឋាភិបាល​ទៅលើ​ចំណុច ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​នៅ​មាន​ការខ្វះចន្លោះ ដែល​មាន​ដូចជា​បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង បរិស្ថាន ព្រៃឈើ ប្រព័ន្ធតុលាការ ជាពិសេស​ចំណុច​ណា ដែល​រាជរដ្ឋាភិបាល​នៅមាន​បញ្ហា​រសើប។

តាម​លោក ញ៉ែម អេ​ន អះអាង​ថា “​បង​មក​បើក​គណបក្ស​នេះ គឺ​បង​យក​ឧ​ត្ត​ម​គតិរ​បស់បង ដែល​បាន​តស៊ូ​តាំងពី​អាយុ​១១​ឆ្នាំ ឥឡូវ​៥៧ឆ្នាំ​ហើយ គឺ​យក​ឧ​ត្ត​ម​គតិ និង​ឆន្ទៈ​មក​ដឹកនាំ​ប្រទេសជាតិ​ម្តង ហើយ​និង​សហការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​កសាង​ប្រទេសជាតិ ឲ្យ​ប្រទេស​កម្ពុជា​នេះ ក្លាយជា​នីតិរដ្ឋ​ពិតប្រាកដ​”​។

លោក​បញ្ជាក់​ថា ការ​បើក​គណបក្ស​នេះ មិន​មាន​អ្នកណា​ឲ្យ​លុយ ឬ​យក​លុយ​ពី​អ្នកណា​នោះទេ គឺជា​លុយ​ផ្ទាល់ខ្លួន ហើយ​យក​ឆន្ទៈ មនសិការ​របស់​ខ្លួន​មក​ធ្វើ ហើយ “​គណបក្ស​គ្រួសារ​ខ្មែរ​” នេះ មិន​កាន់ជើង​រដ្ឋាភិបាល​ទេ តែ​ជួយ​រដ្ឋាភិបាល​ដូចជា​បញ្ហា​គ្រឿងញៀន បរិស្ថាន ល្បែងស៊ីសង និង​អំពើពុករលួយ​ជាដើម។

លោក ញ៉ែម អេ​ន លើកឡើង​ដែរ​ថា ការដែល​លោក​ចាក​ចេញពី​គណបក្ស​អំណាច​ខ្មែរ​នេះ ដោយសារតែ​គណបក្ស​អំណាច​ខ្មែរ ជា​សាធារណរដ្ឋ ហើយ​វាយ​រដ្ឋាភិបាល​រហូត​។ តាមមើល​ប្រហែលជា​ពួកគេ​អាមេរិក​កាំង​សុទ្ធ​។

តាម​លោក ញ៉ែម អេ​ន គ្មាន​ការដឹកនាំ​ណា​ល្អ​ជាង​សម្តេច ហ៊ុន សែន ទេ ហើយ​មេដឹកនាំ​គណបក្ស​មួយ​ចំនួន ចង់​វាយបំបាក់​សម្តេច​តេ​ជោ ហ៊ុន សែន តែ​ទៅ​មិន​រួច “​និយាយ​ទៅ​គាត់​ចោល​ជាតិ សាសនា ព្រះមហាក្សត្រ​ទៅ​ហើយ​ហ្នឹង ដូច្នេះ​បង​នឹក​គិត​ថា ជា​ព្រះរាជាណាចក្រ​កម្ពុជា យើង​ត្រូវការ​ព្រះមហាក្សត្រ​…​ដូច្នេះ​បើ​ចោល​ព្រះមហាក្សត្រ​ខ្ញុំ​មិន​អាច​ចូលរួម​បានទេ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ដើរ​ចេញពី​គណបក្ស​អំណាច​ខ្មែរ​”។

ទាក់ទង​ដល់​ការចូលរួម​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ លោក ញ៉ែម អេ​ន លើកឡើងថា “​លោក សម រង្ស៊ី ជា​មនុស្ស​ចោលម្សៀត អត់​គិត​ពី​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ទេ ពួកនេះ បើ​មានអំណាច​វិញ ផ្តាច់ការ​ជាង​គណបក្ស​ប្រជាជន​ទៅទៀត ដោយសារ​អី មិនទាន់​មានអំណាច​ផង បក្សពួកនិយម អាត្មានិយម ក្រុម​គ្រួសារនិយម អត់​យក​ប្រ​យោ​ជ​ន៍​ជាធំ​ផង​ហ្នឹង​។ ដឹង​ហើយ ពីព្រោះ​ខ្ញុំ​ធ្លាប់​ប្រឡូក​ជាមួយ​។ ខ្ញុំ​ជា​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដណ្តើម​តួនាទី​គ្នា ការងារ​គ្នា ដាក់​អានេះ ដាក់​អានោះ នេះ​លុយ​តិច នេះ​លុយ​ច្រើន ចឹ​ង​គណបក្ស​នេះ មិនទាន់​មានអំណាច​ផង ប៉ុណ្ណឹង​ទៅ​ហើយ ទម្រាំ​មានអំណាច​ទៀត មិន​ដឹង​យ៉ាងណា និយាយ​រួម​មិនបាន​ម៉ា​ចំណិត​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ទេ ហើយ​សុទ្ធតែ​ប្រជាធិបតេយ្យ សេរី ពហុបក្ស យក​រាស្ត្រ​ជាធំ​ណា​ណី ទៅ​អត់​រួច​ទេ​”។

តាម​លោក ញ៉ែម អេ​ន មកដល់ពេលនេះ គណបក្ស​របស់លោក​បាន​រៀបចំ​រចនាសម្ព័ន្ធ ប្រធាន អនុប្រធាន អគ្គលេខាធិការ គណៈកម្មាធិការ​នាយក​រួចរាល់​ហើយ និង​កំពុង​របៀប​ចំ​គណៈ​ក​ម្មា​ថិ​ការ​អចិន្ត្រៃយ៍ និង​បាន​រៀបចំ​សមាជិក សមាជិកា បាន​ចំនួន​១៧ រាជធានី ខេត្ត រួចហើយ នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ឆ្នាំ​២០១៨ ខាងមុខ។

ទោះ​យ៉ាង​ណា​លោក​បញ្ជាក់​ថា សម្រាប់​ការបោះឆ្នោត​ឃុំ សង្កាត់ នា​ពេល​ខាងមុខនេះ លោក​មិន​អាច​ចូលរួម​បានទេ ដោយសារ​ពេល​វា​នៅ​ខ្លី​ពេក ហើយ​សមាជ​គណបក្ស​អាច​នឹង​ធ្វើ​ខែមិថុនា ឬ​ខែធ្នូ ខាងមុខ នៅ​ទីស្នាក់ការ​កណ្តាល នា​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។

លោក ញ៉ែម អេ​ន ក្នុងនាម​ប្រធាន​គណបក្ស​គ្រួសារ​ខ្មែរ​បាន​បញ្ជាក់​ថា គោលនយោបាយ​សម្រាប់​គណបក្ស​របស់​លោក​មាន​៩​គឺ ១- ស្ថាប័ន​ប្រដាប់​អាវុធ នៅ​ក្រោម​បទបញ្ជា និង​គ្រប់គ្រង​ព្រះមហាក្សត្រ​។ ២- ស្ថាប័ន​តុលាការ ឲ្យ​អព្យាក្រឹត្យ​នៅ​ក្រោម​បទបញ្ជា​គ្រប់គ្រង​ដោយ​ព្រះមហាក្សត្រ​។ ៣- ស្ថាប័ន គ ជ ប ឲ្យ​អ​ព្យា​ក្រឹត្យ មិន​ឲ្យ​រើស​ចេញពី​គណបក្ស​នយោបាយ នៅ​ក្រោម​បទបញ្ជា​គ្រប់គ្រង​ដោយ​ព្រះមហាក្សត្រ ជា​អ្នកចាត់ចែង​។ ៤- បេក្ខភាព​នាយករដ្ឋមន្ត្រី គណបក្ស​គ្រួសារ​ខ្មែរ កំណត់​ត្រឹម​ពីរ​អាណត្តិ (​ប្រាំបី​ឆ្នាំ​)​។ ៥-​និស្សិត​បញ្ញា​វ័ន ដែល​រៀន​ចប់​ថ្នាក់​និទេ្ទស​ល្អ ឲ្យ​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស យក​អាហារូបករណ៍​ដោយ​រដ្ឋ ជា​អ្នក​ចេញថ្លៃ​ចំណាយ​ក្នុង​ការសិក្សា​។ ៦-​សន្តិសុខ​ជាតិ គណបក្ស​គ្រួសារ​ខ្មែរ មាន​គោលជំហរ​ច្បាស់លាស់​ទាក់ទង​បញ្ហា​គ្រឿងញៀន ចោរ ឆក់ ចោរប្លន់ ចោរលួច ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​អំពើពុករលួយ ឲ្យ​ច្បាប់​រឹតបន្តឹង​ឲ្យ​តឹងរឹង​បំផុត ចំពោះ​ជនល្មើស​និង​បក្ខពួក។

៧-​គណបក្ស​គ្រួសារ​ខ្មែរ ប្រកាន់​គោលជំហរ​យក​លទ្ធិប្រជាធិបតេយ្យ សេរី​បក្ស ពហុបក្ស មិន​យក​ខ្មែរ​ណា​ធ្វើជា​សត្រូវ ៨-​បញ្ហា​កសិកម្ម កសិផល ដែល​ពលរដ្ឋ​ផលិត​បាន ដូចជា​ស្រូវ អង្ករ ពោត សណ្តែក ដំឡូង និង​កសិកម្ម​ផ្សេងៗ​ទៀត រដ្ឋ​កំណត់ ថ្លៃ​តាម​ទីផ្សារ​ជាក់លាក់ គណបក្ស​គ្រួសារ ខ្មែរ និង​ឲ្យ​រដ្ឋ​ទិញ​ពី​ប្រជាពលរដ្ឋ មិន​ឲ្យ​ប្រជាពលរដ្ឋ​បាក់​ទឹកចិត្ត និង​ការ​បង្កើន​ផល ទេ ព្រោះ​ប្រទេស​ខ្មែរ​ជា​ប្រទេស​សម្បូរ​ទៅ​ដោយ កសិកម្ម រដ្ឋ​ជា​អ្នក​កំណត់​តម្លៃ​ច្បាស់លាស់ ឲ្យ​ពលរដ្ឋ​មាន​តម្លាភាព​ទូទាំង​ប្រទេស ជា​ប្រទេស​សម្បូរ​ទៅ​ដោយ​កសិកម្ម រដ្ឋ​ជា​អ្នកកំណត់ តម្លៃ​ច្បាស់លាស់ ឲ្យ​ពលរដ្ឋ​មាន តម្លាភាព​ទូទាំង​ប្រទេស​ខ្មែរ ហើយ​កាត់បន្ថយ​ជន ចំណាកស្រុក​ឲ្យ​បាន​ត្រឹម​៩៥​ភាគរយ ដែល​ចាក​ចេញទៅ​រកស៊ី​នៅក្រៅ​ប្រទេស ដែល​នាំ​ឲ្យ​បាត់បង់​ធនធានមនុស្ស​ជាច្រើន​សម្រាប់​កសាង​ប្រទេស​នេះ ជា​បន្ទុក​របស់​រដ្ឋ​ជា​អ្នកគ្រប់គ្រង និង​កំណត់​ប្រាក់ ខែ​សមរម្យ ទៅតាម​សហគ្រាស​។ ៩-​ទាក់ទង​បញ្ហា​ជនអន្តោប្រវេសន៍​គណបក្ស គ្រួសារ​ខ្មែរ មិន​ប្រកាន់​ពូជសាសន៍ ឲ្យ​រស់នៅ​ស្របច្បាប់​ទាម​គោលការណ៍​ច្បាប់​ប្រទេស និង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា​។

សូម​បញ្ជាក់​ថា អតីត​អ្នក​ថតរូប​ទួលស្លែង លោក ញ៉ែម អេ​ន នេះ មុន​និង​ចេញមុខ​បង្កើត​គណបក្ស​ថ្មី​មួយ​ដោយ​ខ្លួនឯង ដើម្បី​ចូលរួម​ប្រកួ​ត​ប្រជែង​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ឆ្នាំ​២០១៨ ខាងមុខនេះ លោក​បាន​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ជាច្រើន ដែល​មាន​ដូចជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​អំណាច​ខ្មែរ​ជាដើម៕



កម្ពុជា​ថ្មី
កោះ​កែវ

No comments: